សាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ​​លើក​ទឹកចិត្តដល់​ក្លឹប​សិស្សពូកែ​ និងប្រកាស​កម្មវិធី​ប្រកួត​ប្រជែង​ចំណេះ​ដឹងអាស៊ាន​សម្រាប់​យុវជន ឆ្នាំ២០១៤

DSC_0501 (Copy)

នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៤នេះ ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានរៀបចំកម្មវិធីប្រគល់ មេដាយ បណ្ណសរសើរ និងរង្វាន់ ដល់ក្លឹបសិស្សពូកែ ដែលទទួលបានជ័យលាបភី ក្នុងការប្រកួតប្រជែង ប្រកបពាក្យខ្មែរ និងភាសាអង់គ្លេស  និងការធ្វើ បទបង្ហាញ របស់សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ទាំង៧សាខា នៅសាលារៀនវ៉េស្ទឡាញន៍ សាខាដូនពេញ។

ការប្រកួតប្រជែងក្លឹបសិស្សពូកែឆ្នាំ២០១៤នេះ មានសិស្សានុសិស្ស ចុះឈ្មោះចូលរួមប្រកួតចំនួន ១១៤៩នាក់ មកពីសាលារៀន ទំាង៧សាខា ដែលចំនួននេះ មានការកើនឡើងដល់ទៅ ២ដងនៃឆ្នាំមុន។ នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងការប្រកួតនេះ សិស្សានុសិស្សដែលទទួលបានជ័យលាភី មានចំនួន៥៤នាក់ សម្រាប់ចំណាត់ថ្នាក់លេខ១ បានមេដាយមាស ចំណាត់ថ្នាក់២ បានមេដាយប្រាក់ និងចំណាត់ថ្នាក់៣ បានមេដាយសំរឹទ្ធ ព្រមទាំងបណ្ណសរសើរ និងរង្វាន់ជាច្រើនទៀត។

លោក គង់ សំនៀង នាយកសិក្សាធិការនៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប មានប្រសាសន៍ថា លោកសូមកោតសរសើរ និងមានសេចក្តីសោមនស្សរីករាយ យ៉ាងក្រៃលែង ដល់សិស្សានុសិស្សជ័យលាភី ដែលបានឆ្លងចូលដល់វគ្គផ្តាច់ព្រ័ត្រ ដែលទទួលបានមេដាយ រង្វាន់ និងបណ្ណសរសើរ សម្រាប់ខ្លួនឯង និងក្រុមគ្រួសារ។ លើសពីនេះ សូមថ្លែងអំណរគុណ យ៉ាងអនេកកប្បការ ដល់មាតាបិតា ឬអាណាព្យាបាលសិស្ស ដែលបានចំណាយពេលវេលា ដ៏មានតម្លៃ និងមមាញឹក ដើម្បីចូលរួមអបអរសាទរ នៅក្នុងកម្មវិធីនេះ។

លោកបន្តថា «សូមប្អូនសិស្សនុសិស្ស ដែលមិនបានទទួលចំណាត់ថ្នាក់ ក្នុងការប្រកួតឆ្នាំនេះ កុំអស់សង្ឃឹមហើយត្រូវ តស៊ូខិតខំប្រឹងប្រែង រៀនសូត្របន្ថែមទៀត ដើម្បីទទួលជ័យលាភី ក្នុងការប្រកួត នៅឆ្នាំក្រោយៗទៀត។ ពីព្រោះយើងនឹងរៀបចំការប្រកួតប្រជែង ជាច្រើន នៅឆ្នាំក្រោយទៀតជាមិនខាន។ ជាក់ស្តែង នាថ្ងៃទី២០ ខែកក្តដា ខាងមុខនេះ សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ បានសហការ ឧបត្ថម្ភពីវិទ្យាស្ថានអភិវឌ្ឍ វិស័យអប់រំ ដើម្បីរៀបចំការប្រឡង ចំណេះដឹងពីអាស៊ានសម្រាប់យុវជន ដល់សិស្សានុសិស្ស នៅតាមបណ្តាសាលារដ្ឋ និងឯកជននានាក្នុង រាជធានីភ្នំពេញ ដើម្បីជ្រើសរើស សិស្សដែលបានទទួល ជ័យលាភីចំនួន៦នាក់ ទៅទស្សនកិច្ចនៅ ប្រទេសសឹង្ហបុរី និង ម៉ាឡេស៊ី រយៈពេលបួនថ្ងៃ បីយប់»។

លោក នៅ សីហា ប្រធាននាយកប្រតិបត្តិស្តីទី និងជាតំណាង លោក ប៉ិច បូឡែន ប្រធាននាយកប្រតិបត្តិនៃ ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប មានប្រសាសន៍ថា ស្ថាប័នវេសឡាញ អេឌ្យូខេសិន គ្រុប ដែលមាន សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ មានទិសដៅពង្រឹង និងពង្រីកសមត្ថភាព សិស្សានុសិស្ស ដោយសង្កត់ធ្ងន់ទៅលើមុខវិជ្ជា វិទ្យាសាស្ត្រ គណិតវិទ្យា បច្ចេកវិទ្យាព័ត៌មានវិទ្យា និងបច្ចេកវិទ្យាវិស្វកម្ម ព្រមទាំងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដើម្បីបំពេញតម្រូវការទីផ្សារការងារ ទាំងក្នុងប្រទេស និងតំបន់សម្រាប់សកលភាវូបនីយកម្ម និងធ្វើសមាហរណកម្ម សេដ្ឋកិច្ចអាស៊ាន នាពេលឆាប់ៗ ខាងមុខនេះ៕