សិស្សអូស្ត្រាលីមកផ្លាស់ប្តូរបទពិសោធន៍ស្នាក់នៅជាមួយសិស្សសាលារៀនវ៉េស្ទឡាញន៍ – ថ្ងៃទី២៣​ ខែកញ្ញា ឆ្នាំ២០១៧

សិស្សសាលាបឋមសិក្សានៃប្រទេសអូស្ត្រាលីចំនួន១០នាក់ បានមកចូលរួមកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ស្នាក់នៅរយៈពេលបីសប្តាហ៍ ជាមួយសិស្សសាលារៀនវ៉េស្ទឡាញន៍ ក្នុងគោលបំណងស្វែងយល់ពីវប្បធម៌ ប្រពៃណី ជីវភាពរស់នៅប្រចាំថ្ងៃ និងបង្កើនទំនាក់ទំនងល្អ។
ក្រោមកិច្ចសហការជាមួយសាលាបឋមសិក្សាម៉ោនវីយូ(Mount View Primary Schoolនៃប្រទេសអូស្រ្តាលី ជាមួយសាលារៀនវ៉េស្ទឡាញន៍ ក្នុងផ្លាស់ប្តូរការសិក្សារបស់សិស្សទៅវិញទៅមក សាលាទាំងពីរបានរៀបចំកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ស្នាក់នៅ ក្នុងគោលបំណងស្វែងយល់ពីការសិក្សាផ្នែកវប្បធម៌ ភាពជាអ្នកដឹកនាំ ការសិក្សា របៀបរស់នៅជាមួយគ្រួសារនិងសហគមន៍ក្នុងប្រទេសកម្ពុជាបង្កើនជំនាញប្រើប្រាស់ភាសាអង់គ្លេសប្រចាំថ្ងៃ ព្រមទាំងបង្កើនកិច្ចទំនាក់ទំនងល្អៗជាមួយមិត្តភក្តិបរទេស។ លើសពីនេះ សាលារៀនវ៉េស្ទឡាញន៍បានបៀបចំកម្មវិធីជួបជុំជាមួយគ្រួសារកម្ពុជា និងដំណើរកំសាន្តទៅកាន់តំបន់ប្រវត្តិសាស្រ្ត និងរមណីយដ្ឋានផ្សេងៗក្នុងប្រទេសកម្ពុជា ដើម្បីបង្កើនភាពសិទ្ឋស្នាល បង្ហាញពីវប្បធម៌ និងទេសភាពដ៏ស្រស់ស្អាត់។ កម្មវិធីនេះចាប់ផ្តើមពីថ្ងៃទី២៣ ខែកញ្ញា ដល់ដល់ថ្ងៃទី១២ ខែតុលា។
លោកគង់ សំនៀង ប្រធាននាយកប្រតិបត្តិការបានមានប្រសាសន៍ថាកម្មវិធីនេះរៀបចំឡើងដើម្បីផ្តល់ឱកាសដ៏ប្រសើរ ដល់សិស្សានុសិស្សបានសិក្សានិងស្វែងយល់ពីរបៀបរស់នៅពីគ្នាទៅវិញទៅមក ទទួលបាននូវបទពិសោធន៍វប្បធម៌តាមរយៈការស្នាក់នៅជាមួយគ្រួសារកម្ពុជា អភិវឌ្ឍសមត្ថិភាពនិងមានទំនុកចិត្តលើខ្លួនឯង ព្រមទាំងបង្កើនចំណងមិត្តភាព។
លោកបានបន្ថែមទៀតថា សាលារៀននឹងរៀបចំកម្មវិធីផ្សេងៗទៀតជាមួយសាលារៀនដៃគូក្នុងតំបន់អាស៊ី និងអ៊ឺរ៉ុបដូចជាការរបោះជំរំនិងការផ្លាស់ប្តូរកម្មវិធីសិក្សា ដើម្បីឲ្យសិស្សរបស់យើងបានសិក្សាស្វែង និងបង្កើនចំណេះដឹងឲ្យទូលំទូលាយពីបណ្តាប្រទេសទាំងនោះ។
គួររំលឹកថាកាលពីខែមេសាឆ្នាំ២០១៧កន្លងមកនេះសិស្សានុសិស្សសាលារៀនវ៉េស្ទឡាញន៍ចំនួន ១០នាក់ បានចូលរួមកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ស្នាក់នៅនៅប្រទេសអូស្រ្តាលីរយៈពេលបីសប្តាហ៍។
គួរបញ្ជាក់ថា ក្រុមហ៊ុន វេសឡាញន អេឌ្យូខេសិន គ្រុប បានសហការជាមួយសាលារៀនជាច្រើន ដូចជានៅប្រទេសថៃ ប្រទេសចិន ប្រទេសសិង្ហបុរី ប្រទេសម៉ាឡេស៊ី ប្រទេសអូស្រ្តាលី និងសហរដ្ឋអាមេរិក ក្នុងការបញ្ចូនសិស្សបោះជំរុំ ចូលរួមកម្មវិធីផ្លាស់ប្តូរការសិក្សា និងកម្មវិធីផ្សេងៗដទៃទៀតដើម្បីបង្កើនជំនាញទំនាក់ទំនងភាសាអង់គ្លេស ទទួលបទពិសោធន៍នៃការរស់ជាក្រុមនៅក្រៅប្រទេស ផ្លាស់ប្តូរ ចំណេះដឹងពីគ្នាទៅវិញទៅមកអំពីវប្បធម៌ ប្រពៃណី ចំណេះទូដឹងទូទៅ ព្រមទាំងបង្កើនទំនាក់ទំនងល្អផងដែរ៕