សន្និសិទអប់រំ Leader-in-Me 2018

ឯកឧត្តម យក់ ង៉ុយ រដ្ឋលេខធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ការអប់រំសម្រាប់សតវត្សទី២១នេះ មានការប្រែប្រួលគ្រប់ផ្នែក ទាំងលើជំនាញ និងចំណេះដឹង ហើយការងារជាថ្មីៗជាច្រើននឹងត្រូវ បង្កើតឡើង រីឯការងារមួយផេ្សងទៀតនឹងត្រូវបាត់បង់។

ឯកឧត្តម យក់ ង៉ុយ ថ្លែងបេបនេះ ក្នុងសិក្ខាសាលាមួយ ស្ដីពី «ការគិតឡើងវិញលើិស័យអប់រំ សម្រាប់សតវត្សទី២១» ដោយបានបញ្ជាក់ទៀតថា ដូចនេះការអប់រំចាប់ពីកម្រិតមត្តេយ្យ រហូតដល់ កម្រិតឧត្តមសិក្សា គឺត្រូវរៀបចំផែនការ ដើម្បីឆ្លើយតបនឹងតម្រូវការងារទីផ្សារក្នុងពេលអនាគត។ លោកបានសង្កត់ធ្ងន់ថា ការអប់រំចំពោះយុជនមិនត្រូវផ្តោតសំខាន់តែនៅជំនាញមួយមុខតែប៉ុណ្ណោះទេ គឺយុវជនត្រូវមានជំនាញទន់ (Soft Skill) ពីព្រោះជំនាញនេះវាអភិវឌ្ឍឥរិយាបថជាវិជ្ជមាន បង្កើនទំនាក់ទំនងល្អជាមួយអ្នកនៅជុំវិញ សហការធ្វើការងារជាក្រុម។

លោក ប៉ិច ឡែន អគ្គនាយក ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានមានប្រសាសន៍ថា យើងមិនអាចដឹង ថានរណាម្នាក់អាចក្លាយដឹងនាំប្រទេសបានទេ នាពេលអនាគត ប៉ុន្តែក្នុងនាមយើងជាអ្នកធើ្វការងារអប់រំ យើងអាចធ្វើឲ្យកុមារ និងយុវជនក្លាយជាអ្នកដឹកនាំសង្គមជាតិ តាមរយៈការផ្តល់នូវការអប់រំប្រកបដោយគុណភាព។ លោកបានបន្ថែមទៀតថា ក្រុមហ៊ុនរៀបចំក្ខាសាលាស្តីអំពី ការគិតឡើងវិញលើវិស័យអប់រំ សម្រាប់សតវត្ស ទី២១ ដើម្បីផ្តល់ឳកាសដល់សាលារៀនរដ្ឋ និងឯកជនស្វែងយល់ពីបំរែបំរួលជំនាញ ចំណេះដឹង មុខរបរមួយចំនួនថ្មីនឹងកើតឡើង។

លោកបានបន្ថែមទៀតថា ដោយមើលឃើញពីសារសំខាន់លើអប់រំ ផ្នែកអត្តចរិត និងថរិយាបថ ក្រុមហ៊ន វេសឡាញ​ បាននាំកម្មវិធីទម្លាប់ល្អទាំង៧ ពីវិទ្យាស្ថាន Franklin Covey Education ពីសហរដ្ឋអាមេរិក មកដាក់បញ្ចូលក្នុងកម្មវិធីសិក្សានៅសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍។ វាគ្មិន៦នាក់មកពីប្រទេសកម្ពុជា សហរដ្ឋអាមេរិក ថៃ និងសិង្ហបុរីបានពិភាក្សាពីចំណេះដឹង និងជំនាញសម្រាប់សតវត្សទី២១ និងស្វែងរកវិធីសាស្រ្តជំរុញ និងលើកទឹកចិត្តដល់សាលារៀនដែលកំពុងប្រើប្រាស់ The Leader In Me ទទួលបានជោគជ័យ។

សូមបញ្ចាក់ថា The leader In Me គឺជាដំណើរអនុវត្តកម្មវិធីទម្លាប់ល្អទាំង៧ ក្នុងកម្មវិធីសិក្សា ហើយកម្មវិធីនេះជួយអប់រំដល់កុមារ និងយុវជនឲ្យមានថរិយាបថ និងផ្នត់គំនិតជាវិជ្ជមាន។ កម្មវិធី The Leader In Me មានសាលារៀនជាង ៣០០០កំពុងអនុវត្ត សាលារៀន ២០០០ នៅសហរដ្ឋអាមេរិក និង១០០០សាលារៀន នៅបណ្តាលប្រទេសផ្សេងទៀត ក្នុងនោះមានប្រទេសកម្ពុជាផងដែរ។

នេះជាលើកទី១ ដែលវិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំបានរៀបចំសិក្ខាសាលាជាលក្ខណៈអន្តរជាតិដែលមានអ្នកចូលរួមមកពី១៧ប្រទេសដូចជា ប្រទេសកម្ពុជា ភូមា ម៉ាឡេស៊ី សង្ហបូរី ឥណ្ឌូនេស៊ី ជប៉ុន តៃវ៉ាន់ ចិន ឥណ្ឌា ថៃ វៀតណាម ម៉ុងហ្គោលី កូរ៉េខាងត្បូង ហ្គាម ប៉ាគីស្ថាន ហុងកុង និងសហរដ្ឋអាមេរិក សរុបអ្នកចូលរួមជាង៤០០នាក់។ សិក្ខាសាលានេះពិតជាបានផ្តល់ចំណេះដឹង និងគំនិតថ្មីៗដល់លោកអ្នកទៅលើវិស័យអប់រំ និងពិភពលោកដែលកំពុងតែវិវត្តទៅមុខ ដើម្បីជួយយុវជន និងយុវតីជំនាន់ថ្មីក្នុងការពង្រឹង និងអភិវឌ្ឍជំនាញ និងចំណេះដឹងរបស់ខ្លួន ក្នុងការត្រៀមខ្លួនប្រឈមមុខនឹងសតវត្សទី២១៕