កម្មវិធីសម្ភោធសាលារៀនវ៉េស្ទឡាញន៍សាខាព្រែកលៀប – ថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០១៨

កាលពីព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១៨ ក្រុមហ៊ុន MDG Holdings Co., LTD. បានរៀបចំកម្មវិធីសម្ភោធ សាលារៀនវេស្ទឡាញន៍ សាខាព្រែកលៀប ដែលនឹងចាប់បើកបវេសនកាលនាថ្ងៃពុធ ទី០១ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះ។

ក្រោមអធិបតីភាពរបស់ លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិកានៃក្រសួងអប់រំ យុវជន និងកីឡា កម្មវិធីសម្ភោធ និងកាត់ខ្សែបូសាខាថ្មីនេះបានប្រព្រឹត្តិទៅ យ៉ាងរលូន និងប្រកបដោយផ្លែផ្កា។ ក្នុងកម្មវិធីនេះដែរលោកជំទាវបណ្ឌិតក៏មានមតិកោតសសើរចំពោះការលះបង់នឹងការខិតខំប្រឹងប្រែងរបស់ លោកអគ្គនាយក ប៉ិច ប៉ូឡែន និងក្រុមប្រឹក្សាភិបាលទាំងអស់នៃក្រុមហ៊ុន MDG Holdings Co., LTD.។

គួរកត់សំគាល់ដែរថាសាលារៀនវេស្ទឡាញន៍បានដាក់បញ្ចូលក្នុងកម្មវិធីសិក្សានូវកម្មវិធីអប់រំល្អៗពីបណ្តាប្រទេសផ្សេងៗ ដូចជាកម្មវិធី MoneyTree (ចំណេះដឹងផ្នែកហិរញ្ញវត្ថុ)និងកម្មវិធី Kiddo Science (ចំណេះដឹងផ្នែកវិទ្យាសាស្ត្រ) ពីប្រទេសម៉ាឡេស៊ី និង​ កម្មវិធី Leader in Me (7 Habits) ពីសហរដ្ឋអាមេរិក ដើម្បីឱ្យសិស្សានុសិស្សជំនាន់ក្រោយទទួលបាននូវ​ការសិក្សាមួយដែលគ្រប់គ្រាន់ និងពេញលេញ។