ការតម្រង់ទិស

ក. ទិវា​សុខភាព​មាត់ធ្មេញ

សុខភាពមាត់ធ្មេញ គឺ​ជា​បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​សុខភាព​សាធារណៈដទៃទៀត​ក្នុង​សង្គម​កម្ពុជា ។ មាតាបិតា និង​អ្នក​អាណាព្យាបាល​ទាំង​អស់​ផ្តោត​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​ការ​ថែរក្សា​សុខភាព​ល្អ​ក្នុង​ក្រុម​គ្រួសារ ។ សាលារៀនវ៉េស្ទឡាញន៍ និង​សាលារៀនណត្សឡាញន៍ រៀប​ចំ​សិក្ខាសាលាអប់រំអំពី​សុខភាព​មាត់​ធ្មេញ ដោយមានការត្រួតពិនិត្យ ​ពិនិត្យ​មាត់​ធ្មេញជា​រៀង​រាល់​ឆ្នាំ ពីទន្តបណ្ឌិតល្បីមកពីមន្ទីរព្យាបាលធ្មេញនានា ក្នុងរាជធានីភ្នំពេញ ។

ខ. សុវត្ថិភាព​ចរាចរណ៍

សិក្ខាសាលាអប់រំស្តីពី “ការ​ពាក់​មួក​សុវត្ថិភាព​សម្រាប់​អ្នក​ធ្វើ​ដំណើរ​តាម​ទោចក្រយានយន្ត” សហការរៀបចំដោយWEG និង​អង្គ​ការ​បង្ការ​របួស​អាស៊ី AIP ។ ក្នុង​ព្រឹត្តិការណ៍​នេះ​ដែរ​ មាន​ការ​ចូលរួម​ពី​សំណាក់​មន្រ្តី​ជាន់​ខ្ពស់​នៃ​រាជរដ្ឋាភិបាល ប្រធាន​អង្គ​ការ​បង្ការ​របួស​អាស៊ី គណៈគ្រប់​គ្រង​ វេសឡាញ អេឌ្យូខេសិន គ្រុប នាយក នាយិកា​សាខា និង​សិស្សានុសិស្ស​មកពី​សាលារៀន​វ៉េស្ទឡាញន៍ និង​សាលារៀន​ណត្សឡាញន៍ រួម​ជាមួយនិង​សិស្ស​ពី​អង្គ​ការ​មួយចំនួន​ទៀត​ប្រមាណ ៤០០នាក់ ។ លោក គឹម បញ្ញា ប្រធាន​អង្គ​ការ​បង្ការ​របួស​អាស៊ី បាន​បញ្ជាក់​ថា មួក​សុវត្ថិភាពគឺ​ជាថ្នាំបង្ការជីវិត ។ ប្រជាពលរដ្ឋគ្រប់រូបគិតទាំងកុមារ​ ត្រូវតែ​ពាក់​មួក​សុវត្ថិភាព ។ គាត់​បាន​បញ្ជាក់​បន្ថែម​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​បានធ្វើឲ្យខាតបង់ថវិកា​ជាតិប្រមាណ ៣២៩​លាន​ដុល្លារ ។ ឯកឧត្តម ចាន់ គឹម​សេង ប្រធាននាយកដ្ឋានកណ្តាលសណ្តាប់​ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ បាន​មាន​ប្រសាសន៍​ថា ​ក្នុង​រយៈពេល​៩ខែ​ក្នុង​ឆ្នាំ២០១៣នេះ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ២០១២ ចំនួន​គ្រោះ​ថ្នាក់​ចរាចរណ៍​កើន​ឡើងបន្តិច ។ លោក​បន្ត​ទៀត​ថា កត្តា​មនុស្ស​ គឺ​ជា​កត្តា​មួយ​ក្នុង​ចំណោម​កត្តា​ចំបង​៤​ដែល​បង្ក​ការ​គ្រោះ​ថ្នាក់​ខ្លាំង​ជាងគេ ដូច​ជា​ ការ​បើក​បរហួសល្បឿនកំណត់ ការ​បើក​បរ​ដោយ​ជាតិ​ស្រវឹង និង​ការ​រំលោភ/មិន​គោរព​ច្បាប់​ចរាចរណ៍ជាដើម ។

គ. ការ​តម្រង់​ទិស​សិស្ស​វិទ្យាល័យ

​ការ​តម្រង់ទិស​ដល់​សិស្ស​វិទ្យាល័យឲ្យស្របតាម ​ការ​អភិវឌ្ឍ​អាជីព និងជ្រើសរើសសាកលវិទ្យាល័យមួយដ៏​​ត្រឹម​ត្រូវ​មានសារសំខាន់យ៉ាងខ្លាំង។ ហេតុដូច្នេះ​ហើយ សាលារៀនវ៉េស្ទឡាញន៍ និង​សាលារៀនណត្សឡាញន៍ បាន​បញ្ចូលកម្មវិធីរ​តម្រង់​ទិស​ដល់​សិស្សវិទ្យាល័យ​ទៅ​ក្នុងរបៀបវារៈ​ ​ប្រចាំ​ឆ្នាំរបស់ខ្លួន ។ សិក្ខាសាលា​អប់រំនេះ ពិតជា​មាន​សារសំខាន់​ និងនាំមកនូវផ្លែផ្កា​សម្រាប់​សិស្ស​វិទ្យាល័យ​ក្នុង​ការ​ជ្រើស​រើស​ផ្លូវ​ដ៏​ត្រឹម​ត្រូវ​មួយទាំងការជ្រើសរើសសាកល​វិទ្យាល័យ ជំនាញ និងអាជីព ។ លោក​ ប៉ិច បូឡែន ប្រធាន​នាយក​ប្រតិបត្តិ​ នៃ​ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បាន​បញ្ជាក់​ថា ប្អូនៗ​ត្រូវតែ​ពង្រឹង​សមត្ថភាពដើម្បី​ក្លាយ​ជា​ធនធាន​មនុស្សដ៏​រឹង​មាំ​ប្រកប​ដោយ ភាព​ជាអ្នក​ដឹក​នាំ និង​ឆ្លាតវៃ​ក្នុង​ការ​សម្រេច​ចិត្ត និង​កំណត់​គោលដៅ ។ ចូរកុំ​ធ្វើ​ខ្លួន​ឯងជា​បញ្ហា​ក្នុង​សង្គម​ ជាពិសេស​បញ្ហា​ចរាចរណ៍ និងបរិស្ថាន ។

ឃ. កិច្ចជំនួបជាមួយបណ្តាក្រុមហ៊ុន អង្គការមិនមែនរដ្ឋាភិបាលស្តីពីទំនួលខុសត្រូវរួមក្នុងសង្គម

យើង​ ចង់​ឃើញ​ការ​ផ្លាស់​ប្តូ​រជា​វិជ្ជមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ យើង​ស្រឡាញ់​ប្រទេស​កម្ពុជា ។ បើយើងនិយាយឲ្យខ្លីគឺថា សកម្មភាព​ការងារ​សង្គម​តូចៗអាចជួយសង្គមបានយ៉ាងច្រើន ។ ចាប់​ផ្តើម​ធ្វើ​អំពើ​ល្អពី​ថ្ងៃ​នេះ លទ្ធផល​ដ៏​ល្អ​ប្រពៃ​នឹង​ទទួល​បាន​នៅ​ថ្ងៃ​ស្អែក ។ សកម្មភាព​ការងារ​សង្គម​តូចៗ​ គួរ​តែ​ចាប់​ផ្តើម​ពីបណ្តា​ក្រុមហ៊ុន និង​អង្គការនានា​ ។ ហេតុអ្វី​បាន​ជា​ការ​ចែក​រំលែក​ស្នាម​ញញឹម​ ទេពកោសល្យ ពេលវេលា និង​ធនធាន​ផ្ទាល់ខ្លួន​ ពិត​ជា​មាន​សារប្រយោជន៍​សម្រាប់​​សង្គម​កម្ពុជា ? នេះ​គឺ​ជា​សំណួរ​ដែល​យើង​គួរ​តែ​ចោទ​សួរ​ខ្លួន​ឯង និង​ចាប់​ផ្តើម​ធ្វើ​ទាំង​អស់គ្នាដើម្បី​ជួយ​​​សង្គម​កម្ពុជា​យើង ។ មាន​សកម្មភាព​សង្គម​តូចៗ​ជាច្រើន​ដែល​យើង​មិន​គួរ​មើល​រំលង ។ យើង​អាច​ធ្វើ​ជា​គំរូ​ដោយ​​ការ​ចែក​រំលែក​សេចក្តី​ស្រឡាញ់ ការ​យក​ចិត្ត​ទុក​ដាក់​ជាមួយ​ជន​ងាយ​រង​គ្រោះ ជន​ក្រី​ក្រ និង​អ្នក​ដែល​ខ្វះខាត ។